តុលាការសាលាដំបូងរាជធានីភ្នំពេញនៅថៃ្ងអង្គារនេះ បានបើកសវនាការជាថ្មីទៀតជាលើកទីបីដើម្បីបន្តកាត់ទោសជនសង្ស័យ ចំនួន ៥នាក់ ក្រោមបទចោទប្រកាន់ថា បានកេណ្ឌភេរវជន និងបង្កៃគ្រឿងផ្ទុះនៅទីកន្លែងសាធារណៈ នៅក្នុងទីក្រុងភ្នំពេញនៅចន្លោះឆ្នាំ២០០៧ និងថៃ្ងទី២ ខែមករា កន្លងទៅនេះ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសអ្នកទាំងនោះនៅថៃ្ងទី ៣០ខែធ្នូ ចុងឆ្នាំ២០០៩ខាងមុខនេះ។
លោក ឆាយ គង់ ជាប្រធានចៅក្រមប្រឹក្សាតុលាការនោះបានប្រកាសថា តុលាការនឹងប្រកាសសាលក្រមនៅថៃ្ងទី៣០ ខែធ្នូនៅវេលាម៉ោង២រសៀល។
នៅក្នុងអំទ្បុងពេលនៃការបើកសវនាការរយៈពេលជាង ៦ម៉ោងតាំងពីម៉ោង៨ព្រឹក ក្រទ្បាបញ្ជីបានអានចម្លើយរបស់សាក្សីជាច្រើនសន្លឹកនៅចំពោះមុខជន សង្ស័យចំនួន ៥នាក់នោះ និងគ្រួសារជនសង្ស័យបានចូលរួមផងដែរ។
លោក ហ៊ឹង ប៊ុនជា ជាព្រះរាជអាជ្ញានៃតុលាការសាលាដំបូងរាជធានីភ្នំពេញជាដើមបណ្តឹង បានចោទប្រកាន់ថា លោក សោម ឯក ជាមេខ្លោងក្នុងការរៀបចំរចនាសម្ព័ន្ធរណសិរ្សរួបរួមជាតិ ឬចលនាខ្លារំដោះ ឬកងទ័ពខេមរជាតិ ដើម្បីប្រព្រឹត្តអំពើភេរវកម្មដាក់គ្រឿងផ្ទុះនៅស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០០៧ និងការដាក់គ្រឿងផ្ទុះនៅក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងទី២ ខែមករា ឆ្នាំ២០០៩ កន្លងទៅនេះ។
លោក ទ្បឹក ប៊ុនញៀន ជាបណ្តាញនៅក្នុងទីក្រុងភ្នំពេញ។ លោក ភី សុវឹង ជាបណ្តាញនៅក្នុងខេត្តកណ្តាល។ លោក ជា កឹមយ៉ាន ជាបណ្តាញនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងលោក ពៅ វណ្ណារ៉ា ជាបណ្តាញនៅក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
ទាំងអស់គ្នាបានមានសំណូមពរចុងក្រោយទៅកាន់តុលាការម្នាក់ម្តងៗ ថា សុំឲ្យតុលាការលើកលែងការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពវិញដោយសំអាងថា មិនបានពាក់ព័ន្ធក្នុងអំពើភេរវកម្មដូចការចោទប្រកាន់នោះទេ។
លោក សំ សុគង់ ជាមេធាវីការពារក្តីឲ្យលោក សោម ឯក បានមានប្រសាសន៍ខាងក្រៅតុលាការថា កូនក្តីរបស់លោកមានការពាក់ព័ន្ធចលនានយោបាយ ប៉ុន្តែមិនមានការពាក់ព័ន្ធជាមួយអំពើភេរវកម្មនោះទេដោយលោកបាន ថ្លែងថា ៖ «សុំឲ្យតុលាការលើកលែងទោសឲ្យកូនក្តីខ្ញុំបាទ យល់ឃើញថានៅក្នុងសវនាការទាំងអស់ហ្នឹងឃើញថា ការបង្កើតគណបក្សនយោបាយ មិនមែនជាបទល្មើសត្រូវតែដាក់គុកកូនក្តីខ្ញុំបាទទេ»។
លោកស្រី ម៉ុក ណារី ជាភរិយារបស់លោក ទ្បឹក ប៊ុនញៀន បានមានថែ្លងថា ស្វាមីរបស់លោកស្រី គ្មានទោសទេដោយលោកស្រីបានបន្ថែមថា ៖ «ព្រោះ ថាប្តីខ្ញុំមិនបានធ្វើអ្វីខុស។ បើសិនថាប្តីខ្ញុំមានទោសជាប់ពន្ធនាគារ ខ្ញុំសូមសច្ចានៅមុខតុលាការ ខ្ញុំយកកូន និងជីវិតខ្ញុំមកប្រហារនៅមុខតុលាការ ឲ្យតុលាការជួយរកយុត្តិធម៌ឲ្យខ្ញុំ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុស»។
ជនសង្ស័យចំនួន ៥នាក់ខាងលើនេះត្រូវបានអាជ្ញាធរនគរបាលនៃក្រសួងមហាផៃ្ទបានចាប់ ខ្លួននៅទីកន្លែងផ្សេងៗគ្នាកាលពីខែមករា កន្លងទៅក្រោមបទចោទប្រកាន់ថា មានការពាក់ព័ន្ធក្នុងការបង្កៃគ្រាប់បែកច្នៃចំនួន ២គ្រាប់នៅក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងទី២ ខែមករា ឆ្នាំ២០០៩ និងថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០០៧នៅស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងទីក្រុងភ្នំពេញ៕
Related News :
| < Prev | Next > |
|---|


