ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលបីថ្ងៃ នៅថ្ងៃចន្ទ ម្សិលមិញនេះ មេដឹកនាំចិន បានប្រកាសផ្តល់ថវិកាដល់ប្រទេសកម្ពុជា ប្រមាណ ១ពាន់លានដុល្លារបន្ថែមទៀត ប៉ុន្តែជាមួយគ្នានេះ ក៏មានការរំលឹកឲ្យដឹងផងដែរថាកម្ពុជាគួរមានការប្រយ័ត្នប្រយែងទៅនឹង ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ីមួយនេះ។ សូមលោកអ្នកនាងកញ្ញាស្តាប់របាយការណ៍បន្ថែមពីលោក សយ សុភា ប្រចាំការនៅទីក្រុងភ្នំពេញ៖អនុប្រធានាធិបតីចិន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា លោក ហ្ស៊ី ជីនពីង (Xi Jinping) បានប្រកាសផ្តល់ប្រាក់ជំនួយនិងកម្ចីដល់ប្រទេសកម្ពុជា ប្រមាណ ១ពាន់២រយលានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមួយ នាទីស្តីការគណៈរដ្ឋមន្រ្តីខ្មែរក្រោយពីជំនួបលោក អនុប្រធានាធិបតីចិននិងលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ថា ប្រាក់ជំនួយនិង ប្រាក់កម្ចីដែលផ្តល់នាពេលនេះ គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀត ដល់ការពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំថែមទៀត។
ជាមួយនឹងការផ្តល់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ សម្រាប់ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជាលោក អ៊ូ វីរៈ ក្រៅពីបានសម្តែងការស្វាគមន៍ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរនោះ លោកបានស្នើនិងរំលឹកដល់រដ្ឋាភិបាលកម្ពុជា ផងដែរ ចំពោះអតីតកាលដែលកម្ពុជាធា្លប់មានជាមួយនឹងប្រទេសចិន ដែលនាំឲ្យរបប ប៉ុលពតនៅកម្ពុជា នាចុងពាក់កណ្តាលទសវត្សរ៍ទី១៩៧០។ លោកបានថ្លែងឲ្យ ដឹងយ៉ាងដូច្នេះថា៖ គួរបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន១៤ត្រូវបាន ចុះហត្ថលេខា ហើយគិតត្រឹមពីឆ្នាំ១៩៩២មកនោះ ប្រទេសចិនបានផ្តល់ប្រាក់ដល់ ប្រទេសកម្ពុជាប្រមាណ២ពាន់២រយលានដុល្លារ ជាប្រាក់កម្ចីនិងប្រាក់ជំនួយ៕
Related News :
| < Prev | Next > |
|---|


